ព្រះមហាក្សត្រ​ ចេញ​ព្រះរាជក្រម ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​ ស្ដីពី​សុវត្ថិភាព​ម្ហូបអាហារ

 ព្រះមហាក្សត្រ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រម​នៅ​ថ្ងៃទី ១១ ខែ​មិថុនា ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​ស្ដីពី​«​សុវត្ថិភាព​ម្ហូបអាហារ»

ច្បាប់​ស្ដីពី​សុវត្ថិភាព​ម្ហូបអាហារ​នេះ មាន​១១​ជំពូក និង​៤៣​មាត្រា​។ ច្បាប់​នេះ​កំណត់​អំពី​ក្របខ័ណ្ឌ និង​យន្តការ​សម្រាប់​គ្រប់គ្រង និង​ធានា​សុវត្ថិភាព គុណភាព អនាម័យ និង​ភាព​ស្របច្បាប់ នៃ​ម្ហូបអាហារ ដើម្បី​ផ្ដល់​កិច្ចការពារ​សុខភាព និង​សុវត្ថិភាព​ម្ហូបអាហារ​សម្រាប់​អ្នកប្រើប្រាស់ ព្រមទាំង​ធានា​ឲ្យ​មាន​ការ​ធ្វើ​ពាណិជ្ជកម្ម​ម្ហូបអាហារ ប្រកប​ដោយ​ភាពស្មោះត្រង់។

ច្បាប់​នេះ មាន​វិសាលភាព​អនុវត្ត​ចំពោះ​ការគ្រប់គ្រង​គុណភាព​និង​សុវត្ថិភាព​ម្ហូបអាហារ ដោយ​គ្រប​ដណ្តប់​គ្រប់​ដំណាក់កាល នៃ​ខ្សែ​សង្វាក់​ផលិតកម្ម​ម្ហូបអាហារ និង​លើ​អាជីវកម្ម​ម្ហូបអាហារ​នានា នៅ​កម្ពុជា។

កាលពី​ថ្ងៃទី​១១ ខែ​ឧសភា​កន្លងទៅ រដ្ឋសភា បាន​អនុម័ត​គាំទ្រ​ទាំងស្រុង​លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី «​សុវត្ថិភាព​ម្ហូបអាហារ​» នេះ ដើម្បី​ការពារ​សុខុមាលភាព និង​អាយុជីវិត​ប្រជាពលរដ្ឋ​។ ចំណែក​គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​សេចក្ដីព្រាងច្បាប់​នេះ កាលពី​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២២។​

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេច នរោត្ដម សីហមុនី។


ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ជា​ខ្លាំង អំពី​អាហារ​ដែល​មាន​ជាតិគីមី និង​កំពុង​ដាក់​លក់​នៅ​តាម​ទីផ្សារ និង​សំណូមពរ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច អនុវត្ត​វិធានការ​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ ឲ្យ​មាន​ប្រសិទ្ធភាព​។ ប៉ុន្តែ​ជា​ការ​ឆ្លើយតប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្តី​បន្ទោស​ពលរដ្ឋ ថា​មិន​ចេះ​មើល​ខ្លួនឯង ចាំតែ​ស្តី​បន្ទោស​ដល់​រដ្ឋាភិបាល​ទៅវិញ​។ លោក​ហ៊ុន សែន សង្កត់ធ្ងន់​ថា ពលរដ្ឋ​ត្រូវ​នាំគ្នា​ធ្វើ​ពហិកា​ឈប់​ទិញ​បន្លែ​សាច់​ដាក់​ជាតិគីមី​ទៅ គឺ​វា​ចប់​ហើយ។

មន្ត្រី​ជំនាញ​ការពារ​អ្នក​ប្រើប្រាស់ និង​បង្ក្រាប​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួងពាណិជ្ជកម្ម រក​ឃើញ​ផលិតផល​ទំនិញ​ខូចគុណភាព ហួស​កាល​បរិច្ឆេទ​ប្រើប្រាស់ និង​ទំនិញ​ដែល​ប្រើ​ជាតិគីមី​ខ្ពស់ ឬ​ទំនិញ​ដែល​មិន​អនុលោម​ទៅ​នឹង​បទដ្ឋាន​បច្ចេកទេស រាប់​រយ​តោន ក្នុង​មួយឆ្នាំៗ រួម​មាន គ្រឿង​សមុទ្ទ ផលិតផល​ក្រៀម បន្លែ ផ្លែឈើ ថ្នាំពេទ្យ​ជាដើម៕

Post a Comment

Previous Post Next Post